កន្លែងអច្ឆរិយៈ របស់ពិភពលោកទាំង៧ ដែលចេះបំបាំងខ្លួន នៅពេលទឹកជោរឡើង


ពិភពលោកដ៏ធំមួយនេះ សម្បូរទៅដោយស្នាដៃ និងរឿងរ៉ាវចម្លែកៗមិនធម្មតា ប៉ុន្តែគួរឲ្យទាក់ទាញជាច្រើនយ៉ាងសន្ធឹកសន្ធាប់។ ជាក់ស្តែងមានកន្លែងអស្ចារ្យ មិនគួរឲ្យជឿជាច្រើន ដែលបានកសាងឡើងដោយមនុស្ស និងធម្មជាតិរួមគ្នា។ ជាពិសេស ក្នុងចំណោមទីកន្លែងទាំងនោះ មានកន្លែងមួយចំនួន ដែលអ្នកអាចទស្សនាបានតែតាមថ្ងៃ តាមខែ តាមឆ្នាំ របស់វាប៉ុណ្ណោះ។

ខាងក្រោមនេះគឺជា ទីកន្លែងអច្ឆរិយៈទាំង ៧ ដែលអ្នកអាចមើលឃើញច្បាស់ តែពេលទឹកនាចប៉ុណ្ណោះ ៖

១. ក្រុង Manjuyod ក្នុងប្រទេស ហ្វីលីពីន

Manjuyod ជាទីក្រុងទីពីរ របស់ខេត្ត Negros Oriental នៃប្រទេសហ្វីលីពីន។ បើយោងតាមការធ្វើជំរឿន នៅឆ្នាំ ២០១០ ទីក្រុងនេះមានមនុស្សប្រមាណ ៤១,១០៧ នាក់រស់នៅ និងមានទំហំផ្ទៃដីស្មើនឹង ២៦៤ គីឡូម៉ែត្រការ៉េ។ ទីក្រុង Manjuyod មួយនេះ បានទាក់ទាញភ្ញៀវទេសចរជាច្រើនជុំវិញពិភពលោក និងមានកន្លែងទេសចរណ៍ល្បីៗរួមមានដូចជា រូងភ្នំ Himampangon ភ្នំថ្មធម្មជាតិ ឆ្នេរខ្សាច់ពណ៌សប្រវែង ៧ គីឡូម៉ែត្រ និងព្រៃ Candabog (ព្រៃនេះសម្បូរទៅដោយសត្វព្រៃជាច្រើនប្រភេទរស់នៅ និងស្ថិតក្រោមការអភិរក្ស ដោយរាជរដ្ឋាភិបាល)។

ជាក់ស្តែងឆ្នេរសមុទ្រពណ៌សរបស់ទីក្រុងនេះ គឺជាកន្លែងមួយដ៏អស្ចារ្យ និងស្រស់ស្អាតបំផុតក្នុងពិភពលោក ប៉ុន្តែអ្នកដឹងទេថាវានឹងប្រែជាបាត់រូបរាងទាំងស្រុង នៅពេលដែលទឹកជោរខ្ពស់។


២. ប្រាសាទ Stambheshwar Mahadev ក្នុងប្រទេស ឥណ្ឌា

Stambheshwar Mahadev គឺជាប្រាសាទព្រះវិហារមួយ ក្នុងចំណោមប្រាសាទបុរាណហិណ្ឌូទាំង១៨ ដែលស្ថិតនៅក្នុងតំបន់ Mahi Sagar ប្រទេសឥណ្ឌា។ ប្រាសាទព្រះវិហារមួយនេះ ត្រូវបានគោរពបូជានៅថ្ងៃបុណ្យ Amayasya ដោយអ្នកមានជំនឿជាច្រើននាក់។ Stambheshwar Mahadev ត្រូវបានសាងសង់ឡើងដោយ Bhagwan Kartik ដែលបានសម្លាប់ Tarkasur ក្នុងគោលបំណងចង់លុបលាងបាបរបស់ខ្លួន។

អ្វីដែលសំខាន់នោះគឺ ប្រាសាទដែលមានអាយុ ១៥០ ឆ្នាំនេះ ស្ថិតនៅជាប់មាត់សមុទ្រ ហេតុនេះអ្នកដែលអាចទៅថ្វាយបង្គំ ក្នុងប្រាសាទនោះបានតែពេលទឹកនាចប៉ុណ្ណោះ។ នៅរដូវទឹកឡើង គឺប្រាសាទនេះ ត្រូវលិចដូចទឹកជំនន់យ៉ាងអញ្ចឹង។ 


៣. Mont Saint Michel ក្នុងប្រទេសបារាំង

Le Mont-Saint-Michel គឺជាកោះ និងជាឃុំមួយក្នុងខេត្ត Normandy ប្រទេសបារាំង។ កោះនេះមានទីតាំងប្រមាណជា ១ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រភាគពាយ័ព្យ របស់ប្រទេសបារាំង និងនៅជាប់មាត់ទន្លេ Couesnon ជិតឃុំមួយផ្សេងទៀតឈ្មោះ Avranches ។ Mont Saint Michel មានទំហំប្រមាណជិត ១០០ ហិកតា (០.៩៧ គីឡូមែត្រការ៉េ) និងមានប្រជាជនរស់នៅលើកោះនេះចំនួន ៤៤នាក់ បើគិតមកទល់នឹងឆ្នាំ ២០០៩ ។

ប្រាសាទបុរាណ ត្រូវបានកសាងនៅលើភ្នំនៃ Mont Saint Michel បានទាក់ទាញភ្ញៀវទេសចរជាច្រើន ប៉ុន្តែដី និងផ្លូវដើរជុំវិញនោះ ត្រូវបានលិចអស់នៅពេលខែទឹកឡើង។ 


៤. St. Michael’s Mount ក្នុងប្រទេស អង់គ្លេស

St. Michael’s Mount គឺជាភ្នំ និងជាកោះតូចមួយនៅក្នុងឈូងសមុទ្រ Mount រដ្ឋ Cornwall ប្រទេស អង់គ្លេស។ កោះនេះ គឺជាកោះសហគមន៍កាតូលិក របស់ជនស៊ីវិល និងមានផ្លូវភ្ជាប់ទៅកាន់ក្រុង Marazion ដោយផ្លូវមួយ ដែលក្រាលដោយថ្មប្រភេទក្រានីត។ អាគារដែលសាងសង់ដំបូងគេ លើកំពូលកោះនោះ មានអាយុកាលតាំងពីសត្សវត្សទី ១២ មកម្ល៉េះ។

តើអ្នកមានធ្លាប់ដឹងទេថា St. Michael’s Mount ដែលសម្បូរទៅដោយព្រះវិហារ និងប្រាសាទដ៏ចំណាស់ជាច្រើននោះ មានផ្លូវលិចអស់ មិនអាចឆ្លងកាត់បានឡើយ នៅពេលទឹកជោរឡើង។ 


៥. The Horsemen on the Thames ក្នុងប្រទេស អង់គ្លេស

The Horsemen on the Thames (ឬត្រូវបានគេដាក់ឈ្មោះវាថា The Rising Tide) ត្រូវបានសាងសង់ឡើង នៅក្បែរស្ពាន Vauxhall ដោយស្នាដៃរបស់លោក Jason deCaires Taylor វ័យ ៤១ ឆ្នាំ។ លោកគឺជា អ្នកសិល្បៈដ៏មានឈ្មោះល្បីមួយរូប ដែលភាពច្រើនមានគេស្គាល់ច្រើន ដោយសារតែលោកជាអ្នកបង្កើតសារមន្ទីរក្រោមទឹកដំបូងគេក្នុងទីក្រុង Cancun និងក្នុងប្រទេស Bahamas ។

រូបចម្លាក់នេះ គឺជារូបចម្លាក់ ដែលសាងសង់ក្នុងគោលបំណង ដើម្បីរំលឹកដល់មនុស្សយើងពី ផលប៉ះពាល់នៃបំរែបំរួលអាកាសធាតុ។ ប៉ុន្តែ អ្នកអាចឃើញរូបចម្លាក់នេះឃើញបានតែ ២ ដង ប៉ុណ្ណោះក្នុងមួយថ្ងៃ នៅពេលដែលទឹកនាច។ 


៦. Passage du Gois ក្នុងប្រទេស បារាំង

Passage du Gois (មានឈ្មោះជាប្រវត្តិសាស្រ្តថា Gôa) គឺជាផ្លូវពីធម្មជាតិ ដែលឆ្ពោះទៅកាន់កោះ Noirmoutier របស់ប្រទេស បារាំង។ វាមានទីតាំងស្ថិតនៅចន្លោះកោះ Noirmoutier និងឃុំ Beauvoir-sur-Mer នៃរដ្ឋ Vendée ។ ផ្លូវនេះមានប្រវែងជាង ៤គីឡូម៉ែត្រ និងត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ ១៥៧៧ ជាពិសេស ឈ្មោះផ្លូវនេះ បានមកពីពាក្យបារាំងជំនាន់បុរាណទៀតផង។

វាគឺជាផ្លូវមួយ ដែលគ្រោះថ្នាក់បំផុតលើពិភពលោក ដែលត្រូវទឹកកម្ពស់ ៤ ម៉ែត្រ លិចបំបាត់អស់មួយថ្ងៃចំនួន ២ ដង។ 


៧. Angel Road ក្នុងប្រទេស ជប៉ុន

Angel Road គឺជាផ្លូវខ្សាច់មួយ ដែលសំដៅឆ្ពោះទៅកោះ Shōdo នៃប្រទេសជប៉ុន។ កោះនេះមានឈ្មោះល្បីល្បាញ និងជាទីកន្លែងកំសាន្តគោលដៅ របស់គូស្នេហ៍គ្រប់ៗរូប។ គេជឿថា គូស្នេហ៍ដែលដើរកាន់ដៃគ្នា តាមផ្លូវខ្សាច់ប្រវែង ៥០០ ម៉ែត្រនោះ នឹងអាចសម្រេចបំណងប្រាថ្នាតាមចិត្ត និងស្រលាញ់គ្នាបានរហូតដល់ចាស់ទៀតផង។ សូម្បីតែរមណីយដ្ឋាន នៅលើកោះនោះ ក៏ជាទីកន្លែងឋានសួគ៌សម្រាប់គូស្វាមីភរិយាដែរ។

អ្វីដែលអ្នកត្រូវដឹងនោះគឺ ផ្លូចខ្សាច់មួយនេះ អាចដើរបានតែពេលទឹកនាចតែប៉ុណ្ណោះ! 


ប្រភព៖ Bright Side | Wikipedia
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment