គន្លឹះ​​ក្នុង​​ការ​​សន្សំ​​ប្រាក់ ដែលអ្នកតែងរំលង



“សន្សំប្រាក់? តើបានប្រាក់មកពីណាសន្សំ បើចាយមួយខែៗមិនទាំងគ្រប់ផង?” នេះជាពាក្យដែលលេចឡើងភ្លាមៗ ក្នុងចិត្តរបស់មនុស្សទូទៅ កាលណាគេនិយាយពីរឿងសន្សំប្រាក់។ ប្រសិនបើយើងទុកពាក្យនេះក្នុងចិត្តនោះ យើងប្រាកដជាមិនអាចសន្សំ ប្រាក់បានជាដាច់ខាត។ សុភាសិតខ្មែរមួយពោលថា “ទូកធំ ក្តោងធំ” មាន ន័យថាចំណូលច្រើន ចំណាយក៏ច្រើនទៅតាមហ្នឹងដែរ។ ដូច្នេះទោះជាយើងរកប្រាក់បានប៉ុណ្ណាក៏មិនសល់ដែរ ព្រោះយើងនឹងចំណាយកាន់តែច្រើនឡើង ទៅតាមខ្ទង់ចំណូល។

ចូរធ្វើបញ្ជីចំណាយប្រចាំថ្ងៃ រួចបូកសរុប និងពិនិត្យជារៀងរាល់សប្តាហ៍ ហើយចោទសួរខ្លួនឯង ថាតើចំណាយអ្វីខ្លះ ដែលចាំបាច់ខានមិនបាន និងតើចំណាយអ្វីខ្លះដែលអាចកាត់ចោលបាន។ ចំណាយណាដែលកាត់បាន យើងដកប្រាក់ដែលធ្លាប់ ចំណាយនោះមកសន្សំវិញ។ តើអ្នកបរិភោគអាហារ ក្រៅផ្ទះញឹកញាប់ទេ? តើអ្នកអាចកាត់ចំណាយប្រចាំថ្ងៃ មួយចំនួនចេញបានទេ (ដូចជា កាហ្វេ សុរា បារី ។ល។) ? តើសេវាកម្មអ្វីខ្លះ ដែលអ្នកមិនត្រូវការចំាបាច់ (ទូរទស្សន៍ខ្សែកាប) ?

ចូរផ្ទេប្រាក់ខែជាស្វ័យប្រវត្តិមួយចំណែកចូលក្នុងគណនីសន្សំ។ ចូរចងចាំថា ធម្មជាតិជាមនុស្សមានប្រាក់ក្នុងដៃ កាន់តែច្រើនកាន់ តែចង់ចំណាយ។ ដូច្នេះបើប្រាក់ជាប់ក្នុងគណនីសន្សំ ពិបាកដកចេញ ឬមិនអាចដកចេញ ក៏មិនងាយនឹងចំណាយផ្តេសផ្តាសដែរ។

ប្រសិនបើអ្នក ឡើងប្រាក់ខែ ឬទទួលបានប្រាក់រង្វាន់ ចូរយកប្រាក់ដែលទទួលបាននោះដាក់ក្នុងគណនីសន្សំ ព្រោះកន្លងមកអ្នកប្រើតែប្រាក់ខែចាស់ ក៏អាចទូទាត់ចំណាយជីវភាព គ្រប់គ្រាន់ទៅហើយ។

គ្រប់សាច់ប្រាក់បន្ថែមដែលអ្នកទទួលបានពីប្រភពផ្សេង ដោយការធ្វើសេវាកម្មរបស់អ្នក ឬដោយសារមូលហេតុណាមួយ ចូរដាក់ចូលក្នុងគណនីសន្សំទាំងអស់ ឬមួយចំណែកណានោះ។

ប្រាក់ដែលធ្លាប់សងបំណុលគេជារៀងរាល់ខែ លុះសងដាច់ហើយ ចូរដាក់ប្រាក់នេះចូលទៅក្នុងគណនីសន្សំ។

ខាងក្រោមនេះជាគន្លឹះមួយចំនួន ដែលអ្នកអាចអនុវត្តបាន ដើម្បីសន្សំសំចៃបន្ថែមទៀត៖
  • _ចូរបិទអំពូលភ្លើង ប្រសិនបើអ្នកមើលទូរទស្សន៍ ដើម្បីសន្សំសំចៃភ្លើង។ កុំបើកភ្លើងចោល។ បន្ទប់ណាដែលយើងមិនប្រើ ឬចេញក្រៅបន្ទប់ ចូរបិទភ្លើង (សូម្បីតែបន្ទប់ទឹក)។
  • _ចូរជ្រើសរើសប្រភេទអំពូលភ្លើង ដែលស៊ីភ្លើងតិច។
  • _កាត់បន្ថយចំណាយលើថ្លៃទូរស័ព្ទ ចូរប្រើតែសេវាកម្មណាដែលចាំបាច់បានហើយ។
  • _ប្រើចាន កែវ ក្រណាត់ ជាជាងផ្លាស្ទិច ព្រោះរបស់ទាំងនេះអាចលាងសំអាត និងយកមកប្រើម្តងទៀតបាន តែផ្លាស្ទិចត្រូវទិញថ្មីជាប្រចាំ។
  • _បិទទ្វាបង្អួច បាំងកុំឲ្យពន្លឺចាំងចូលក្នុងផ្ទះ ព្រោះវាធ្វើឲ្យក្តៅ ហើយម៉ាស៊ីនត្រជាក់ខំដើរកាន់តែខ្លាំង ស៊ីភ្លើងអស់កាន់តែច្រើន។
  • _ដាំដើមឈើផ្តល់ម្លប់ដល់ផ្ទះ ជួយកាត់បន្ថយចំណាយម៉ាស៊ីនត្រជាក់។
  • _ពេលបើកបរជៀសវាងកន្លែងកកស្ទះដើម្បីកុំឲ្យចំណាយសាំងច្រើន។
  • _កុំចូលហាងបាយពេលកំពុងឃ្លានខ្លាំង។
  • _សិក្សាពីរបៀបគ្រប់គ្រងចំណាយ
ប្រភព៖ salarean.com
Share on Google Plus
    Blogger Comment
    Facebook Comment

0 comments:

Post a Comment